ភ្នំពេញ៖ លោក កង សូសាទី អនុរដ្ឋលេខាធិការ ក្រសួងផែនការ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីការវិភាគ និងប្រើប្រាស់ ទិន្នន័យអង្កេតជាតិ និងការវិភាគ និងចងក្រងគណនីជាតិ សុខាភិបាល នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផល នៃកិច្ចសហប្រតិបត្តិការ រវាងនាយកដ្ឋានស្ថិតិសង្គមកិច្ច នៃវិទ្យាស្ថានជាតិ ស្ថិតិក្រសួងផែនការ ដោយបានសហការ ជាមួយនាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល វិទ្យាស្ថានជាតិ សុភាពសាធារណៈ នៃក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក (WHO) ដែលបានបញ្ចប់ ដោយជោគជ័យ និងប្រកបដោយ ការពិគ្រោះពិភាក្សា សំណួរ ចម្លើយ ការផ្តល់នូវមតិល្អៗ គួរអោយកត់សំគាល់ ។
ឆ្លៀតក្នុងឱកាសនេះ លោកអនុលេខាធិការ បានវាយតម្លៃខ្ពស់ ចំពោះមន្ត្រីរាជការទាំងអស់ ដែលបានបំរើការងារស្ថិតិ ក្រោមកិច្ចដឹកនាំរួមរបស់ លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និងលោកស្រី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយក វិទ្យាស្ថានជាតិ ស្ថិតិនៃក្រសួងផែនការ ដែលបានខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ដើម្បីរៀបចំ និងអនុវត្តិ ប្រកបដោយជោគជ័យ នូវវគ្គបណ្តុះបណ្តាល ស្តីពីការវិភាគ និងប្រើប្រាស់ទិន្នន័យអង្កេតជាតិ និងការវិភាគ និងចងក្រងគណនីជាតិ សុខាភិបាល ដែលកំពុងតែអនុវត្ត យ៉ាងមានប្រសិទ្ធភាព ក្នុងគោលដៅ ឆ្ពោះទៅរកជោគជ័យ នាពេលខាងមុខ ។
លោក កង សូសាទី ក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះគ្រូបណ្តុះបណ្តាល ជាមួយនឹងអ្នកគាំទ្រទាំងអស់ ដែលបានអញ្ជើញចូលរួម ក្នុងវគ្គបណ្តុះបណ្តាល ដ៏មានសារៈសំខាន់ ក្នុងរយៈពេល៣ថ្ងៃ កន្លងមកនឹងបាន ខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ក្នុងការរៀបចំ និងអនុវត្តប្រកបដោយ លទ្ធផលដ៏ល្អប្រសើរ និងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះនាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល (DPH) វិទ្យាស្ថាន ជាតិសុខភាពសាធារណៈ (NIPH) នៃក្រសួងសុខាភិបាល និងអង្គការ សុខភាពពិភពលោក (WHO) ដែលមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ល្អប្រសើរ តាមរយៈការ ផ្តល់បទពិសោធន៍ ការងារបច្ចេកទេស ដែលពាក់ព័ន្ធ ទៅនឹងការចងក្រង និងវិភាគស្ថិតិសុខាភិបាល ។
លោកក៏បានសង្ឃឹមជឿជាក់ យ៉ាងមុតមាំថា វគ្គបណ្តុះបណ្តាលនេះ ពីសំណាក់គ្រូឧទេសនាម ដែលមានបទពិសោធន៍ខ្ពស់ មកពីវិទ្យាស្ថានជាតិ សុខភាពសារធារណៈ នាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល និងអង្គការសុខភាព ពិភពលោក (WHO) ។
លោក ក៏បានវាយតម្លៃខ្ពស់ផងដែរ ចំពោះគម្រោងកែលំអ ស្ថិតិសង្គមកិច្ច ដែលក្នុងនោះ មានការពង្រឹងស្ថិតិសំខាន់ៗ ចំនួន បួនផ្នែក រួមមាន៖ ស្ថិតិសុខាភិបាល ស្ថិតិអប់រំ ស្ថិតិកម្លាំងពលកម្ម និងស្ថិតិពិការភាពទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។
លោក បានមានប្រសាសន៍ថា “ដើម្បីអោយមានស្ថិតិ សង្គមកិច្ចផ្លូវការ ប្រកបដោយគុណភាព និងជឿទុកចិត្តបាន សម្រាប់បម្រើអោយអ្នកតាក់តែង គោលនយោបាយ អ្នកធ្វើសេចក្តីសំរេចចិត្ត ដាក់ចេញនូវផែនការ អភិវឌ្ឍន៍សង្គមកិច្ចនានា ក៏ដូចជាអ្នកប្រើប្រាស់ ទិន្នន័យស្ថិតិសង្គមកិច្ចដទៃទៀត ចាំបាច់យើងត្រូវមានមន្ត្រី ស្ថិតិសង្គមកិច្ច ដែលមានចំណេះដឹងខ្ពស់ ខាងមុខជំនាញ ស្ថិតិជាមូលដ្ឋាន ស្ថិតិសង្គមកិច្ច ទើបយើងអាចសំរេច បាននូវគោលដៅនេះ ។ វគ្គបណ្តុះបណ្តាលខាងលើនេះ បានរួមចំណែកដ៏ធំធេង ក្នុងការពង្រឹងស្ថិតិសង្គមកិច្ច ផ្នែកស្ថិតិសុខាភិបាល នៅកម្ពុជា” ។
លោកបានបន្ថែមថា “ការពង្រឹងសមត្ថភាពមន្ត្រីនាពេលនេះ និងនាពេលអនាគត បានផ្សាភ្ជាប់ទៅនឹង គោលនយោបាយ របស់ក្រសួងផែនការ និងគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ផងដែរ ដើម្បីធ្វើយ៉ាងណា អោយមន្ត្រីដែលកំពុងបម្រើ ក្នុងវិស័យសាធារណៈ មានសមត្ថភាពគ្រប់គ្រាន់ ទាំងចំណេះដឹង ចំណេះធ្វើ ដើម្បីអាចជួយបម្រើ និងបំពេញរាល់តម្រូវការ របស់ប្រជាជន ប្រកបដោយប្រសិទ្ធិភាពខ្ពស់”៕




