ភ្នំពេញ ៖ លោក កង សូសាទី អនុរដ្ឋលេខាធិការ ក្រសួងផែនការ តំណាងលោកទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ បានអញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការវិភាគ និងចងក្រងស្ដិតិ និងសូចនាករអប់រំ នៅទីស្ដីការក្រសួង។
នាឱកាសនោះដែរ លោក កង សូសាទី បានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលស្ដីពី «ការវិភាគ និងចងក្រងស្ថិតិ និងសូចនាករអប់រំ» មានគោលបំណង ដើម្បីពង្រឹងសមត្ថភាព មន្ដ្រីពាក់ព័ន្ធការងារចងក្រងស្ថិតិអប់រំ និងមន្ដ្រីតាក់តែងគោលនយោបាយ ផ្អែកអប់រំស្វែងយល់ពីបទពិសោធន៍ នៃការស្រាវជ្រាវប្រព័ន្ធអប់រំ និងការប្រើប្រាស់ទិន្នន័យផ្នែកអប់រំ» ។
លោកបន្ដថា វគ្គបណ្ដុះបណ្ដាល ដែលមានចរិតលក្ខណៈផ្សារភ្ជាប់ការងារជាក់ស្ដែងបែបនេះ នឹងជួយបង្កើននូវការ យល់ដឹងបន្ថែមទៀត និងជួយពង្រឹងសមត្ថភាពមន្ដ្រី របស់នាយកដ្ឋានស្ថិតិសង្គមកិច្ច មន្ដ្រីពាក់ព័ន្ធនៃវិទ្យាស្ថានជាតិស្ថិតិ និងមន្ដ្រីក្នុងក្របខណ្ឌក្រសួងផែនការ ទៅលើការយល់ដឹង ពីប្រព័ន្ធអប់រំនៅកម្ពុជា ការវិភាគស្ថិតិអប់រំ ការចងក្រងស្ថិតិអប់រំដែលសុទ្ធសឹងជាទស្សនៈទានថ្មីៗ ដែលមន្ដ្រីភាគច្រើនមិនធ្លាប់បានយល់ដឹងស៊ីជម្រៅ ។
សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលស្ដីពី ការវិភាគ និងចងក្រងស្ថិតិ និងសូចនាករអប់រំ នេះមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ដោយមានការចូលរួម ពីគ្រូឧទ្ទេសនាមសំខាន់ៗ និងមានបទពិសោធន៍ខ្ពស់ ចំនួន៤រូប រួមមាន ទី១-លោក ឃ្លោក វីរ៉ា ប្រធាននាយករដ្ឋាន ប្រព័ន្ធព័ត៌មានគ្រប់គ្រងអប់រំ ,ទី២-លោក ឈឿង រចនា ប្រធានការិយាល័យ ,ទី៣-លោក តូច សុថាណូ អនុប្រធានការិយាល័យ និងទី៤-កញ្ញា ថាច់ សុទេវី អនុប្រធានការិយាល័យ ដែលអញ្ជើញមកពី នាយកដ្ឋានប្រព័ន្ធព័ត៌មានគ្រប់គ្រងអប់រំ នៃក្រសួងអប់រំ យុវជន និងកីឡា ៕






