ព័ត៌មានអន្តរជាតិ

ប្រធានអង្គការណាតូ ដាក់លក្ខខណ្ឌឱ្យស៊ុយអែត និងហ្វាំងឡង់

បរទេស៖ ប្រទេសហ្វាំងឡង់ និងស៊ុយអែត ទំនងជាមិនក្លាយជាសមាជិកបេក្ខភាពណាតូ នៅក្នុងកិច្ចប្រជុំកំពូលសម្ព័ន្ធភាព នាពេលខាងមុខនៅថ្ងៃទី 28-30 ខែមិថុនានោះទេ លុះត្រាតែប្រទេស ទាំងពីរបំពេញការទាមទាររបស់ប្រទេសតួកគី, នេះបើតាមអគ្គលេខាធិការប្លុកណាតូ លោក Jens Stoltenberg បានប្រកាសក្នុងសន្និសីទសារព័ត៌មាន ជាមួយប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញ កាលពីថ្ងៃព្រហស្បតិ៍។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី27 ខែឧសភា ឆ្នាំ2022 បានឱ្យដឹងថា ប្រធានអង្គការណាតូបានទទួលស្គាល់ ជំហររបស់រដ្ឋាភិបាលទីក្រុងអង់ការ៉ា ប្រឆាំងនឹងការទទួលយកស៊ុយអែត និងហ្វាំងឡង់ ឱ្យចូលទៅក្នុងប្លុក ហើយបានលើកឡើងអំពីការព្រួយបារម្ភ និងការទាមទាររបស់តួកគីដើម្បីពិភាក្សា និងដោះស្រាយ។

រដ្ឋាភិបាលទីក្រុងអង់ការ៉ាបាន ប្រឆាំងនឹងការចូលប្រទេសនៅ Nordic ទាំងពីរទៅកាន់សម្ព័ន្ធមិត្តយោធាដឹកនាំ ដោយសហរដ្ឋអាមេរិក ដោយលើកឡើងពីការគាំទ្ររបស់ ពួកគេចំពោះអ្វីដែលតួកគីចាត់ទុកថា ជាអង្គការភេរវករ ពោលគឺបក្សពលករឃឺដ (PKK) និងចលនា Gulen (FETO)។ ប្រទេសតួកគីទាមទារឱ្យប្រទេសទាំងពីរ អនុវត្តការចាត់តាំងភេរវកម្មដូចគ្នា ចំពោះក្រុមទាំងនេះ និងធ្វើបត្យាប័នមនុស្សដែលមាន ទំនាក់ទំនងជាមួយអង្គការ ៕

ប្រែសម្រួល៖ ណៃ តុលា

To Top