ព័ត៌មានជាតិ

លោក កង សូសាទី សរសើរបណ្ឌិត សេង សារី ក្នុងការលើកឡើង ពីវីរៈជន ដោះស្រាយជម្លោះនយោបាយ នៅកម្ពុជា

ភ្នំពេញ៖ លោក កង សូសាទី អនុរដ្ឋលេខាធិការក្រសួងផែនការ បានចេញមុខសរសើរលោកបណ្ឌិត សេង សារី អ្នកស្រាវជ្រាវសង្គម ដែលបានលើកឡើងថា ក្នុងរយៈពេលប្រមាណជា៤ ទសវត្សរ៍ កន្លងមកនេះ មានតែសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាម្នាក់គត់ ដែលបានកសាងប្រវត្តិសាស្រ្ត ក្នុងការបញ្ចប់ជំលោះ នយោបាយកម្ពុជា ។

សូមបញ្ជាក់ថា លោកបណ្ឌិត សេង សារី អ្នកស្រាវជ្រាវសង្គម តាមរយៈបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក កាលពីថ្ងៃ២១ តុលា បានលើកឡើង ពីសម្តេចតា អតីតព្រះមហាក្សត្រកម្ពុជា និងសម្តេចតេជោថា កាលពីជាង៣០ឆ្នាំមុន(២៣ តុលា ១៩៩១) វីរៈជន២រូបនេះ បានបង្កើតនូវប្រវត្តិសាស្រ្ត មួយ ដែលឈានទៅដល់ការ បញ្ចប់ជម្លោះនយោ បាយនៅកម្ពុជា ។ តាំងពីពេលនោះមក កម្ពុជាឈានជំហ៊ានលើផ្លូវ សន្តិភាព បាន៣០ឆ្នាំហើយ ទោះបីមិនអាចធ្វើឲ្យពលរដ្ឋ និងអន្តរជាតិពេញចិត្តទាំងអស់ក៏ដោយ ក៏កម្ពុជាបានកសាងសន្តិភាពមួយដែលគ្មានសង្រ្គាម និងគ្មានជម្លោះ ប្រដាប់អាវុធ។

លោកថា អ្វីដែលវីរៈជននយោបាយបច្ចុប្បន្ន និងអ្នកនយោបាយបន្តវេនត្រូវកសាងបន្តទៀត គឺការកសាងសន្តិភាពមួយដែលមានការគោរពសិទ្ធិមនុស្ស មាននីតិរដ្ឋ មានយុត្តិធម៌សង្គម មានសមភាពផ្នែកខាងសេដ្ឋកិច្ច និងបន្តដំណើរលើវិថីប្រជាធិបតេយ្យ ដ៏ពេញលេញមួយ។

លោកបន្តថា “បើប្រវត្តិសាស្រ្តលើកទី២ នេះ កើតឡើងមែន អ្នកប្រវត្តិសាស្រ្តនឹងកត់ត្រាដោយក្តីរីករាយ ចំពោះវីរៈជន ៣រូប គឺអតីតព្រះមហាក្សត្រ ព្រះបាទនរោត្តមសីហនុ សម្តេច ហ៊ុន សែន និងឯកឧត្តម សម រង្សី ហើយអ្វីដែលពិសេសនោះ គឺ សម្តេច ហ៊ុន សែន តែម្នាក់ឯងគត់ ដែលបានកសាងប្រវត្តិសាស្រ្ត ក្នុងការដោះស្រាយជម្លោះនយោបាយ នៅកម្ពុជា រហូតដល់ទៅ ២ដង ក្នុងរយៈពេលមិនដល់៤ទសវត្សផង” ៕

តាមរយៈការបញ្ចេញមតិ នៅលើបណ្ដាញសង្គម លោក កង សូសាទី អនុរដ្ឋលេខាធិការក្រសួងផែនការ បានលើកឡើងថា សូមកោតសរសើរ លោកបណ្ឌិត សេង សារី ដែលនិយាយការពិត ពិតហើយគឺសម្តេច ហ៊ុន សែន នេះហើយគឺជាអ្នកជួយពលរដ្ឋកម្ពុជាទូទាំងប្រទេស អោយបានរស់រានមានជីវិត រួចផុតពីរបប ពុល ពត។

លោក កង សូសាទី បន្តថា «សម្តេច ហ៊ុន សែន បានខិតខំអស់ពីកំលាំង កាយចិត្តដើម្បីបង្កើតអោយមាន កិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ទើបយើងមានការបោះឆ្នោត ពហុបក្ស នាឆ្នាំ១៩៩៣ ប្រទេសកម្ពុជាចាប់ផ្តើម រីកចំរើន តាំងពីពេលនោះមក គុណបំណាច់ដ៏ធំមួយទៀត សម្តេច ហ៊ុន សែន បានទប់ស្កាត់បាន ការវិលត្រទ្បប់ជាលើកទី២ ពួកខ្មែរក្រហម ពល ពត នាថ្ងែ ៥-៦ ខែ០៧ ឆ្នាំ១៩៩៧ កាលនោះបើគ្មានសម្តេច ហ៊ុន សែន នោះប្រហែល ពួក ពល ពត ចូលកាន់កាប់អំណាចជាលើកទី២ វិញបាន» ។

លោកគូស បញ្ជាក់ថា គុណដ៏ធំមួយទៀត សម្តេច ហ៊ុន សែន បានបញ្ចប់សង្គ្រាមទាំងស្រុង នៅកម្ពុជានាចុងឆ្នាំ១៩៩៨ គឺធ្វើសមហរណកម្ម កងទ័ពព្រែទាំងអស់ មកជាកងទ័ពជាតិ ប្រទេសកម្ពជា បានបញ្ចប់សង្រ្គាមទាំងស្រុង មានសន្តិភាពពេញលេញ ទូទាំងប្រទេស ចាប់តាំងពីពេលនោះមក រហូតដល់បច្ចប្បន្ននេះ ។

លោកបញ្ជាក់បន្ថែមថា «នេះជាការពិតដែល ប្រជាជនកម្ពុជាទូទាំងប្រទេស បានដឹងបានឃើញពិតប្រាកដ» ៕

To Top