ព័ត៌មានជាតិ

លោក កង សូសាទី ៖ ១០ឆ្នាំចុងក្រោយនេះ ក្រសួងផែនការ និងវិទ្យាស្ថានជាតិស្ថិតិ សម្រេច សមិទ្ធផលជាតិសំខាន់ៗ ជាប្រវត្តិសាស្ដ្រ ជាច្រើន

ភ្នំពេញ ៖ លោក កង សូសាទី រដ្ឋលេខាធិការក្រសួងផែនការ បានថ្លែងថា រយៈពេល ១០ឆ្នាំចុងក្រោយនេះ ក្រសួងផែនការ និងវិទ្យាស្ថានជាតិស្ថិតិ សម្រេចបាននូវសមិទ្ធផលជាតិសំខាន់ៗ ជាប្រវត្តិសាស្ដ្រជាច្រើន។

ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី «ការផលិតផែនទីស្ថិតិតាមតំបន់ដោយប្រើប្រាស់កម្មវិធីប្រព័ន្ធព័ត៌មានភូមិសាស្ដ្រ (GIS) នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ លោក កង សូសាទី បានឲ្យដឹងថា សមិទ្ធផលទាំងនេះ បានស្តែងចេញឲ្យឃើញយ៉ាងច្បាស់នូវកិច្ចខិតខំប្រឹងប្រែងទាំងកំលាំងកាយ និងកំលាំងចិត្តរបស់ថ្នាក់ ដឹកនាំគ្រប់លំដាប់ថ្នាក់នៃក្រសួងផែនការ និងវិទ្យាស្ថានជាតិស្ថិតិ និងការចូលរួមយ៉ាងសស្រាក់សម្រាំរបស់មន្ត្រីតាមលំដាប់ថ្នាក់ នៃគ្រប់សេនាធិការរបស់ក្រសួង និងវិទ្យាស្ថានជាតិស្ថិតិ។

លោក បញ្ជាក់ថា «នៅក្នុងរយៈពេលជាង ១០ឆ្នាំចុងក្រោយនេះ ក្រសួងផែនការ ក៏ដូចជាវិទ្យាស្ថានជាតិស្ថិតិ សម្រេចបាននូវសមិទ្ធផលជាតិសំខាន់ៗជាប្រវត្តិសាស្ត្រជាច្រើនដែល មានដូចជា ការធ្វើជំរឿនប្រជាជនឆ្នាំ ២០០៨ និង២០១៩ និងជំរឿនសេដ្ឋកិច្ចឆ្នាំ២០១១ និងឆ្នាំ២០២២ ដែលកំពុងប្រព្រឹត្តិទៅសម្មភាពប្រមូលផ្ដុំឯកសារដែលបានសម្ភាសរួចពីបណ្តាខេត្តនានា ជំរឿនកសិកម្មឆ្នាំ២០១៣ ការងារអង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា រៀងរាល់២ឆ្នាំម្តង ការងារអង្កេតកំលាំងពលកម្មកម្ពុជា អង្កេតប្រជាសាស្ត្រនិងសុខភាពរៀងរាល់៥ឆ្នាំ ការងារចងក្រងគណនេយ្យជាតិប្រចាំឆ្នាំ ការងារចងក្រងសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ប្រចាំត្រីមាស (CPI) ការងារចងក្រងសៀវភៅទិន្នន័យស្ថិតិកម្ពុជាប្រចាំឆ្នាំ (Statistical Yearbook of Cambodia) ការងារស្នូលសំខាន់ៗជាច្រើនទៀត និងរួមទាំងកិច្ចប្រជុំជាមួយបណ្តាស្ថាប័នជាតិ និងអន្តរជាតិ ហើយដែលនៅក្នុងឆ្នាំនេះ វិទ្យាស្ថានជាតិស្ថិតិនឹងរៀបចំដឹកនាំកិច្ចប្រជុំ គណកម្មាធិការប្រព័ន្ធស្ថិតិសហគមន៍អាស៊ាន លើកទី២៣នៅក្នុងឆ្នាំ២០២២ នេះ»។

លោក បន្ថែមថា តាមរយៈសមិទ្ធផលនៃកិច្ចការងារធំៗទាំងនេះ វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ បានផលិតចេញនូវតួលេខជាច្រើនដែលបានមកពីការធ្វើជំរឿនក៏ដូចជាការធ្វើអង្កេត ដោយធ្វើការវិភាគយ៉ាងស៊ីជំម្រៅ និងយ៉ាងទូលំទូលាយជាពិសេសនៅកម្រិតថ្នាក់ជាតិ ដែលជាកត្តាមួយធ្វើឲ្យប្រភពទិន្នន័យនៅថ្នាក់ ជាតិមានភាពសំបូរបែប និងឆ្លុះបញ្ចាំងច្រើនវិស័យ សម្រាប់ផ្តល់ជូនអ្នកប្រើប្រាស់ទិន្នន័យស្ថិតិគ្រប់ប្រភេទ។

លើសពីនេះ លោករដ្ឋលេខាធិការ បានលើកឡើងថា ថ្វីបើវិទ្យាស្ថានជាតិស្ថិតិបានផលិតចេញនូវទិន្នន័យច្រើនប្រភេទ ច្រើនទម្រង់ និងច្រើនវិស័យ នៅកម្រិតថ្នាក់ជាតិសម្រាប់បម្រើជូនសេចក្តីត្រូវការរបស់អ្នកប្រើប្រាស់យ៉ាងណាក៏ដោយ ក៏ទិន្នន័យដែលបានប្រមូលតាមរយៈការធ្វើជំរឿន និងអង្កេតនៅពុំទាន់ផលិតចេញឲ្យអស់នូវសក្តានុពលរបស់ ទិន្នន័យដែលខំប្រឹងប្រែងធ្វើជំរឿន និងអង្កេតនោះទេ។

លោក បន្ដថា ដោយស្វែងយល់ដឹងអំពីមូលហេតុនេះហើយ ទើបវិទ្យាស្ថានជាតិស្ថិតិ តាមរយៈនាយកដ្ឋានស្ថិតិសង្គមកិច្ច បានខិតខំបង្កើតឲ្យមានគម្រោងថ្មីមួយទៀត គឺការផលិតស្ថិតិតាមតំបន់ (Small Area Statistics) ដែលមានគោលដៅគ្របដណ្តប់នៅគ្រប់រាជធានី ខេត្ត ទូទាំងប្រទេសកម្ពុជា នាឆ្នាំបន្តបន្ទាប់ ក្នុងគោលបំណងធ្វើយ៉ាងណាផលិត និងប្រើប្រាស់ទិន្នន័យ ទាំងអស់របស់ជំរឿន និងអង្កេតឲ្យអស់សក្តានុពល និងឲ្យអស់ផលប្រយោជន៍របស់ទិន្នន័យ សម្រាប់បម្រើជូនដល់អ្នកប្រើប្រាស់ទិន្នន័យគ្រប់ស្រទាប់ចាប់ពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ៕

To Top