ព័ត៌មានជាតិ
សុន្ទរកថារបស់លោក Wang Wentian ក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវគម្រោង ជួសជុលផ្លូវជាតិលេខ៧
សូមគោរព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព! សម្ដេច ឯកឧត្តម លោកជំទាវ និងមិត្តភក្តិទាំងអស់ជាទីមេត្រី! ខ្ញុំពិតជាមានកិត្តិយសជាខ្លាំងដែលបានចូលរួមជាមួយសម្ដេចតេជោក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគម្រោងជួសជុលផ្លូវជាតិលេខ៧ដែលទទួលរងការខូចខាតដោយគ្រោះទឹកជំនន់។ ខ្ញុំសូមតំណាងឱ្យស្ថានទូតចិនប្រចាំកម្ពុជា សូមសម្ដែងអំណរសាទរយ៉ាងកក់ក្តៅចំពោះកម្មវីធីនាថ្ងៃនេះ និងសូមថ្លែងអំណរគុណដោយស្មោះជូនចំពោះក្រុមការងារបច្ចេកទេសការដ្ឋានទាំងចិននិងកម្ពុជាដែលបានខិតខំប្រឹងប្រែងជំរុញឱ្យគម្រោងមួយនេះទទួលបានជោគជ័យជាស្ថាពរ! តាមទំនៀមទម្លាប់ប្រពៃណីចិន ថ្ងៃនេះក៏ស្ថិតក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិនឆ្នាំខាលដែរ ខ្ញុំសូមឆ្លៀតឱកាសនាថ្ងៃនេះសូមជូនពរអ្នកទាំងអស់គ្នា ឆ្នាំថ្មីសិរីសួស្តីជ័យមង្គល ទទួលបានជោគជ័យគ្រប់ភារកិច្ច! ផ្លូវជាតិលេខ៧ គឺជាគម្រោងជំនួយរបស់ភាគីចិនដែលចាប់ផ្តើមសាងសង់តាំងពីឆ្នាំ២០០៤ ហើយក៏ជាគម្រោងជំនួយទ្រង់ទ្រាយធំបំផុតរបស់ចិននាពេលនោះផងដែរ។...